ចាប់ពីថ្ងៃ១៩ ខែសីហា មកដល់ពេលនេះ ក្រុមការងាររបស់អង្គការឌីភីអេ និងក្រុមអ្នកត្រួតពិនិត្យផ្ទៃក្នុងរបស់សហគមន៍កសិកម្មបាននឹងកំពុងបន្តធ្វើសវនកម្មផ្ទៃក្នុងលើកទី១ប្រចាំឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុលោមតាមស្តង់ដារផលិតកម្មសរីរាង្គលើដំណាំស្រូវ លើប្លង់ដែលបានចុះបញ្ជីក្នុងប្រព័ន្ធកំណត់ប្រភពអត្តសញ្ញាណទីតាំងដាំដុះស្រូវ សរីរាង្គ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី ប្រមាណជា២៥៩៤ហិកតា ដែលក្នុងនោះមានកសិករចូលរួមប្រមាណ៨៥៥គ្រួសារ។
ដើម្បីធានាថា ការអនុវត្តជាក់ស្តែង និងការកត់ត្រានៅក្នុងសៀវភៅកត់ត្រាផលិតកម្មសរីរាង្គរបស់កសិករដែលបានចូលរួម ពិតជាមានភាពត្រឹមត្រូវ សវនកម្មផ្ទៃក្នុងគឺនឹងត្រូវបានរៀបចំធ្វើឡើងចំនួន២ដងក្នុងមួយឆ្នាំ មុននឹងឈានចូលទៅដល់ការវាយតម្លៃពីសនវករឯករាជ្យខាងក្រៅ។ សនវកម្មផ្ទៃក្នុងលើកទី១ក្នុងឆ្នាំ២០២៤នេះ បានពិនិត្យយ៉ាងម៉ត់ចត់ទៅលើចំណុចសំខាន់ៗនៃការអនុលោមតាមស្តង់ដារសរីរាង្គនៃផលិតកម្មស្រូវ ដែលរួមមាន ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងដីស្រែ ឬនៅជុំវិញដីស្រែ ការអនុវត្តវិធានការការពារការហូរឆ្លងសារធាតុគីមី សត្វចង្រៃ កាកសំណល់ថ្នាំពុលកសិកម្មជាដើម ដែលជាកត្តាដ៏សំខាន់ក្នុងការកំណត់នូវសុក្រិត្យភាព និងភាពត្រឹមត្រូវនៃព័ត៌មាននៃប្លង់ (farm) ដែលបានចុះទៅក្នុងប្រព័ន្ធ និងការអនុវត្តជាក់ស្តែងរបស់កសិករដែលពិតជាបានអនុលោមទៅតាមស្តង់ដារសរីរាង្គ។
ការធ្វើសវនកម្មផ្ទៃក្នុងលើផលិតកម្មសរីរាង្គ គឺជាការងារដ៏សំខាន់ ដែលមិនត្រឹមតែផ្តល់នូវភាពទុកចិត្តដល់អ្នកទទួលទានប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងដល់កសិករផ្ទាល់ ព្រោះកសិករនឹងបានដឹងច្បាស់អំពីការអនុវត្តដែលខ្វះខាតនៅកម្រិតមូលដ្ឋាន ដើម្បីកែលម្អ និងពង្រឹង ដោយមានការគាំទ្រពីក្រុមបច្ចេកទេសរបស់អង្គការឌីភីអេ។