អង្គការ ឌីភីអេ (DPA) បានគាំទ្រកិច្ចប្រជុំបណ្តាញក្រុមស្រ្តីជើងឯកថ្នាក់ស្រុក ស្តីពី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ​

ទំព័រដើម  »  ICD Program  »   អង្គការ ឌីភីអេ (DPA) បានគាំទ្រកិច្ចប្រជុំបណ្តាញក្រុមស្រ្តីជើងឯកថ្នាក់ស្រុក ស្តីពី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ​
ស្ត្រីដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងកិច្ចការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយសារពួកគាត់មានបទពិសោធន៍ផ្ទាល់ក្នុងការមើលថែទាំគ្រួសារ និងសហគមន៍ 🌍🤝
នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ អង្គការ ឌីភីអេ (DPA) បានគាំទ្រកិច្ចប្រជុំបណ្តាញក្រុមស្រ្តីជើងឯកថ្នាក់ស្រុក ស្តីពី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ​ នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះជាវេទិកាសំខាន់សម្រាប់ស្រ្តីជើងឯកក្នុងការចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពដឹកនាំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។
👩‍💼ស្ត្រីមានសមត្ថភាពក្នុងការកត់សម្គាល់ឃើញការផ្លាស់ប្តូរ និងហានិភ័យនៅក្នុងសហគមន៍បានឆាប់រហ័ស ហើយអាចជួយចែកចាយព័ត៌មានអាសន្នទៅកាន់កុមារ មនុស្សចាស់ និងអ្នកភូមិជិតខាង ដោយមានតួនាទីសំខាន់ក្នុងការត្រៀមបម្រុង និងការព្រមានជាមុន។ នៅពេលមានស្ថានភាពអាសន្ន ស្ត្រីចូលរួមយ៉ាងសកម្មក្នុងការរៀបចំអាហារ ទឹកស្អាត និងការថែទាំសុខភាពបឋមនៅតាមមជ្ឈមណ្ឌល ដែលជាការឆ្លើយតប និងសង្គ្រោះបន្ទាន់ដ៏សំខាន់។ បន្ទាប់ពីគ្រោះមហន្តរាយ ស្ត្រីក៏មានតួនាទីក្នុងការស្តារជីវភាពគ្រួសារឡើងវិញ តាមរយៈការរៀបចំថវិកា ការងារកសិកម្ម និងសកម្មភាពប្រាក់ចំណូលតូចតាច។ តួនាទីទាំងនេះបង្ហាញថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំ និងជាដៃគូសំខាន់ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
ទោះជាយ៉ាងណា ស្ត្រីជារឿយៗជួបប្រទះនូវបញ្ហាប្រឈមដូចជា ហានិភ័យនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកន្លែងជម្លៀស ការខ្វះអនាម័យផ្ទាល់ខ្លួន និងការមិនសូវមានសំឡេងក្នុងការធ្វើសម្រេចចិត្ត។ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយ ការរាប់បញ្ចូលស្ត្រីទៅក្នុងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់កម្រិត (តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ) គឺជាកត្តាចាំបាច់ ដើម្បីធានាថា តម្រូវការជាក់ស្តែងរបស់ស្ត្រី និងកុមារត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយបានចំគោលដៅ។
ចែករំលែក: