សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន

ទំព័រដើម  »  ICD Program  »   សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន
ក្រុមការងារគម្រោង ICRC របស់អង្គការដៃគូ CEPA និង DPA បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិ សី្តពី ការពិនិត្យឡើងវិញ ”ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២១-២០២៥” និង ”ការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ឆ្នាំ២០២៦-២០៣០” ដែលបានរៀបចំដោយក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួងបរិស្ថាន នៅសណ្ឋាគារខេមរាអង្គរ និងស្ប៉ា ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងបរិស្ថាន ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រុមការងារកុមារ យុវជន មន្ទីរបរិស្ថានរាជធានី-ខេត្ត អង្គការដៃគូ និងគណៈកម្មការបណ្តាញសហគមន៍សរុបចំនួន ៩៧នាក់ (ស្រី ៤២នាក់)។
សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងប្រមូលធាតុចូលពាក់ព័ន្ធនឹងចំនុចខ្លាំង ការប្រឈម មេរៀនបទពិសោធន៍ នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០២១-២០២៥ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់អំណាចស្រ្តីក្នុងវិស័យបរិស្ថាន ជាពិសេសការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យមានភាពប្រសើឡើង និងគ្រប់ជ្រុងជ្រោយ សុគត្តិភាព ដោយគ្របដណ្តប់គ្រប់ជាន់ថ្នាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០២៦-២០៣០។សិក្ខាសាលាជាផ្នែកសំខាន់មួយក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងការរៀបចំរបាយការណ៍ NDC 3.0 ផងដែរ។
លោក គួយ សុផល អ្នកសំរបសំរួលកម្មវិធីភាពជាដៃគូនៃអង្គការ DPA និងជាតំណាងគម្រោង កែលម្អភាពធននឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (ICRC) របស់អង្គការដៃគូ CEPA DPA និងអង្គការ Caritas Australia បានឡើងផ្ដល់មតិចំណាប់អារម្មណ៍ នឹងអរគុណដល់ក្រសួងបរិស្ថានដែលបានផ្ដល់ឱកាសឲ្យអង្គការទាំងបីចូលរួមក្នុងសិក្ខាសាលាបញ្ជ្រាបយេនឌ័រ និង GEDSI ក្នុងវិស័យបរិស្ថានដ៏មានសារៈសំខាន់នេះ។ ក្នុងឱកាសនេះ លោក គុយ សុផល ក៏បានឆ្លៀតលើកពីការខិតខំប្រឹងប្រែងរបស់អង្គការ Caritas Australia, អង្គការដៃគូ CEPA និង DPA ក្នុងការកាត់បន្ថយការបំភាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដល់គ្រួសារ និងសហគមន៍ងាយរង រួមមានសហគមន៍កសិកម្ម សហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍ព្រៃការពារ ក្នុងនោះរួមមាន កសិករខ្នាតតូច ជនជាតិដើមភាគតិច ស្ត្រី មនុស្សចាស់ ក្រុមមានពិការភាព ក្រុមស្រឡាញ់ភេទដូចគ្នានិងក្រុមងាយរងគ្រោះផ្សេងទៀត ក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។
ចែករំលែក: