ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងក្រុមការងាររាជរដ្ឋាភិបាល អញ្ជើញរួមគ្នាដាំកូនឈើ ២,៥០០ដើម ដើម្បីអបអរសាទរ «ទិវារុក្ខទិវា ៩កក្កដា» នៅស្រុកសេសាន
ពិធីដាំដើមឈើដើម្បីអបអរសាទរទិវារុក្ខទិវា ៩កក្កដា ត្រូវបានរៀបចំឡើងនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយបានរួមគ្នាដាំកូនឈើចម្រុះសរុបចំនួន ២,៥០០ដើម។
ពិធីនេះប្រារព្ធឡើងក្រោមវត្តមាន លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសេសាន រួមជាមួយ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។ កម្មវិធីនេះមានការសហការរៀបចំដោយ រដ្ឋបាលស្រុកសេសាន មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយអង្គការអភិវឌ្ឍន៍ភាពជាដៃគូ (DPA) និងមានអ្នកចូលរួមសរុបប្រមាណ ២៣៩នាក់។
យុទ្ធនាការដាំកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយចំណេះដឹង និងជំរុញការចូលរួមរបស់សាធារណជន សិស្សានុសិស្ស និងសហគមន៍ ក្នុងការអភិរក្សធនធានធម្មជាតិ តាមរយៈការដាំដើមឈើផ្ទាល់។ ជាមួយគ្នានេះ ពិធីនេះក៏ជាការបង្កើនការផ្សព្វផ្សាយ ដើម្បីដាស់ស្មារតីសាធារណៈ និងពង្រឹងកិច្ចសហការគាំទ្រ ចំពោះការកសាងបរិស្ថានស្អាត និងបរិស្ថានបៃតងនាពេលអនាគត។


