អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោង “ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា – អាយ.ស៊ី.អ.ស៊ី” នៅសាលាខេត្តរតនគិរី សហការជាមួយសមាគមអភិរក្សវប្បធម៌ និងបរិស្ថាន (CEPA)។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ត្រូវបានផ្តល់កិត្តិយស និងអញ្ជើញចូលរួមពី ឯកឧត្តម លោក សាម សុជាង អភិបាលរងខេត្តរតនគិរី; H.E. លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា; លោក ភក្តី ចាន់ តំណាងប្រចាំប្រទេសនៃអង្គការការីតាសអូស្ត្រាលីប្រចាំកម្ពុជា និងវៀតណាម; លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិអង្គការ DPA; លោកស្រី លុយ រស្មី នាយិកាប្រតិបត្តិអង្គការ CEPA; អង្គការក្រៅរដ្ឋាភិបាល; និងភ្ញៀវពាក់ព័ន្ធ និងអ្នកចូលរួមផ្សេងទៀត សរុបប្រមាណ ៧៤នាក់។ កម្មវិធី ICRC ត្រូវបានផ្តល់មូលនិធិដោយនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី (DFAT) តាមរយៈអង្គការ Caritas Australia សម្រាប់រយៈពេល 5 ឆ្នាំ (ខែកក្កដា ឆ្នាំ 2024 ដល់ខែមិថុនា ឆ្នាំ 2029)។ ដៃគូអនុវត្តគឺ DPA និង CEPA ។ គម្រោងនេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់អ្នកទទួលផលផ្ទាល់ប្រមាណ 23,954 នាក់ (ស្ត្រី: 11,607 ឬ 49%) និងអ្នកទទួលផលដោយប្រយោលចំនួន 45,915 (ស្ត្រី: 22,876 ឬ 50%) រួមទាំងជនជាតិដើមភាគតិច កសិករខ្នាតតូច គ្រួសារដែលងាយរងគ្រោះបំផុត បុគ្គល LGBTQ នៅចំនួន ៩៦ភូមិ ៣៣ឃុំ ១១ស្រុក ក្នុងខេត្តចំនួនពីរ (រតនគិរី និងស្ទឹងត្រែង) ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្រុក-ខេត្ត និងមន្ទីរពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ។ ខេត្តរតនគិរី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥; រូបថតដោយ DPA ។











