លោក ម៉ម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និងជានាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងការបើកកម្មវិធី កិច្ចប្រជុំសមាជិកបណ្តាញ និងដៃគូ ប្រចាំត្រីមាសទី៣ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ១៣៥ នាក់ (ស្រី ៥១ នាក់) មកពីអង្គការសង្គមស៊ីវិល ស្ថាប័នរដ្ឋ ស្ថាប័នសិក្សាស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងកុមារ យុវជន និងសហគមន៍ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ។ លោក ម៉ម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាល NGOF និងជានាយកប្រតិបត្តិអង្គការ DPA បានលើកឡើងថា៖ «ដោយផ្អែកលើទំនុកចិត្ត ការគោរពគ្នា និងចក្ខុវិស័យរួម ខ្ញុំជឿជាក់ថា យើងនឹងរួមចំណែកយ៉ាងធំធេងដល់ការការពារសិទ្ធិមនុស្ស សិទ្ធិកុមារ និងជាពិសេស ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌នៅកម្ពុជា។»
កិច្ចប្រជុំនេះបានផ្តល់ជាវេទិកាសម្រាប់ ការពិភាក្សា ការចែករំលែកចំណេះដឹង និងការពង្រឹងកិច្ចសហការ លើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹង សិទ្ធិកុមារ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា រួមមាន ការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានអាកាសធាតុ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ហិរញ្ញវត្ថុសាធារណៈ ព្រមទាំងតម្រូវការរបស់កុមារ និងក្រុមងាយរងគ្រោះ។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីការពង្រឹង កិច្ចសហការពហុភាគី និងការធានាថា សំឡេង និងតម្រូវការរបស់ កុមារ យុវជន និងក្រុមងាយរងគ្រោះ ត្រូវបានយកមកពិចារណាក្នុងគោលនយោបាយ ថវិកា និងដំណើរការអភិវឌ្ឍន៍។ កិច្ចប្រជុំបានបញ្ចប់ដោយការចែករំលែកអាទិភាព និងធាតុចូលសម្រាប់សកម្មភាពបន្ត ព្រមទាំងការចូលរួមក្នុងដំណើរការសំខាន់ៗនាពេលខាងមុខ ដូចជា COP31, UPR និងថវិកាជាតិឆ្នាំ២០២៧។




