នៅថ្ងៃទី២៣ និងទី២៤ ខែតុលា ឆ្នាំ២០២៦ តំណាងអង្គការ Manos Unidas ដែលជាអង្គការផ្តល់ជំនួយមកពីប្រទេសអេស្ប៉ាញ បានចុះទស្សនកិច្ចនៅសហគមន៍គោលដៅគម្រោងក្នុងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសកម្មភាពដែលគម្រោងបានគាំទ្រ និងពិនិត្យមើលវឌ្ឍនភាពដែលសហគមន៍សម្រេចបាន។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ កសិករ និងអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋាន ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តសកម្មភាពគម្រោង តម្រូវការរបស់សហគមន៍ និងលទ្ធផលដែលសម្រេចបាន។ សកម្មភាពសំខាន់ៗដែលបានចុះទស្សនកិច្ចរួមមាន៖

ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៖ ជួបជាមួយក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ (VDMG) នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីការផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងរបស់សហគមន៍អំពីផលប៉ះពាល់នៃបាតុភូតអែលនីញ៉ូ (El Niño)។

ការចិញ្ចឹមត្រី៖ ចុះទស្សនកិច្ចកសិករចិញ្ចឹមត្រីនៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីសកម្មភាព និងបច្ចេកទេសចិញ្ចឹមត្រីរបស់ពួកគាត់។

ការដាំដុះដំឡូងមី៖ ជួបជាមួយកសិករដាំដុះដំឡូងមីនៅភូមិបុស ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីវិធីសាស្ត្រដាំដុះ និងការអនុវត្តបច្ចេកទេសកសិកម្ម។

ការលើកកម្ពស់អនាម័យ និងសុខភាពសហគមន៍៖ ជួបជាមួយអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយអនាម័យដែលដឹកនាំដោយសហគមន៍ (CLSAV) នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីការលើកកម្ពស់អនាម័យ ការថែរក្សាសុខភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ។

ការផលិតស្រូវ និងសហគមន៍កសិកម្ម៖ ជួបជាមួយសមាជិកក្រុមផលិតស្រូវនៃសហគមន៍កសិកម្មភូមិបីស្រ្តីមានរិទ្ធ នៅភូមិថ្នល់លោក ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសកម្មភាពផលិតកម្មស្រូវរបស់សហគមន៍។

**គ្រួសារងាយរងគ្រោះ៖** ចុះទស្សនកិច្ចគ្រួសារងាយរងគ្រោះនៅភូមិកកោះ ឃុំគោកធ្លក់ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីស្ថានភាព និងជីវភាពរស់នៅរបស់គ្រួសារ។

**ការផលិតកូនមាន់៖** ចុះទស្សនកិច្ចអ្នកផលិតកូនមាន់នៅភូមិថ្នល់តាសិត ឃុំគោកធ្លក់ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីសកម្មភាពផលិតកូនមាន់របស់ពួកគាត់។

ការដាំដុះ និងផលិតកម្មបន្លែ៖ ចុះទស្សនកិច្ចកសិករដាំបន្លែនៅភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ និងកសិករដាំបន្លែនៅភូមិថ្នល់តាសិត ឃុំគោកធ្លក់ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីវិធីសាស្ត្រដាំដុះ និងការអនុវត្តបច្ចេកទេសផលិតកម្មបន្លែ។

ការចែករំលែកបទពិសោធន៍ និងភាពជោគជ័យរបស់គ្រួសាររីករាយ៖ ចុះទស្សនកិច្ចគ្រួសារមួយនៅភូមិគោករមាស ឃុំគោកធ្លក់ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីស្វែងយល់អំពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់គ្រួសារ តាមរយៈការចិញ្ចឹមមាន់ និងការដាំដុះបន្លែ។
ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដ៏មានតម្លៃដល់តំណាងអង្គការ Manos Unidas ក្នុងការស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពជាក់ស្តែង តម្រូវការរបស់សហគមន៍ ការចូលរួមរបស់ប្រជាពលរដ្ឋ និងវឌ្ឍនភាពនៃការអនុវត្តសកម្មភាពដែលគម្រោងបានគាំទ្រ។ សកម្មភាពទាំងនេះក៏បង្ហាញពីតួនាទីដ៏សំខាន់របស់សហគមន៍ក្នុងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ កែលម្អជីវភាពរស់នៅ លើកកម្ពស់សន្តិសុខស្បៀង ព្រមទាំងជំរុញការថែរក្សាអនាម័យ និងសុខភាពសាធារណៈ។

អង្គការ DPA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Manos Unidas ដែលបានផ្តល់ការគាំទ្រដល់ការអនុវត្តសកម្មភាពគម្រោង ព្រមទាំងសមាជិកសហគមន៍ កសិករ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងសហការយ៉ាងល្អក្នុងការជំរុញការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនៅក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប។